អ្នកនាង ពេជ្រ ឆដា តារាសម្តែង ដែលផលិតករ និងមហាជនស្គាល់ជាតួម្តាយ និង លោកជំទាវ នោះមានជីវិតក្រៅឆាកសម្តែង កម្សត់កម្រ ម្តងហើយម្តងទៀតដែលអ្នកនាងផ្ទាល់ ហាក់បាក់ជំហរម្តងៗ។ អ្នកនាងធ្លាប់រកសុី ខាតលុយកាក់ច្រើនដង ហោចណាស់៣លើក បើគិតជាថវិកា វិញគឺច្រើនសន្ឋឹកដោយ លុយកាក់ទាំងនោះកើតចេញពីញើសឈាមមិនធម្មតា។ បើទោះបីជួបប្រទះនូវសភាពការបែបនេះ ក៍តារាតស៊ូរូបនេះ មិនបោះបង់ដំណើរជីវិតដែល ខកចិត្តនោះជាដាច់ខាត ព្រោះយល់ថាថ្ងៃណាមួយនឹងមានរស្មី។
បទពិសោធន៍ពីមុននោះ បានរុញអោយអ្នកនាងឆដា ក្លាយជានារីក្លាហាន រឹងបុឹងមួយ ដែលជម្នះគ្រប់ឧបសគ្គ ប្រឹងរកឡើងវិញទាំងយប់ទាំងថ្ងៃ ព្រោះតែរំពឹងថា វាសនានឹងមិនដដែល ហើយថ្ងៃណាមួយ វិលមករកស្នាមញញឹមវិញ។ ជាបុណ្យកុសលល្អ អ្នកនាងស្រាប់តែទទួល បានការងារសិល្បៈថតរាល់ថ្ងៃ ទោះប៉ះពាល់សម័យកូវីដ ក៍អ្នកនាង ត្រូវបានផលិតករឬ ថៅកែផលិតកម្មហៅថតហូរហែរ រកបានប្រាក់ស្តារស្ថានភាពមកវិញទាន់ពេលវេលា។ លើសពីនេះគ្រាន់តែបើកអោយ មានការជួបជុំ និងបើករបរផ្សេងៗបាន អ្នកនាងទទួលថត សម្តែងនូវរឿងថ្មីៗទៀតដើម្បីទទួលបានការងារបន្តបន្ទាប់។
អ្នកនាងឆដា បានលើកឡើងថា ៣លើកដែលខាតបង់ជំនួញ កន្លងមកស្ទើរតែអស់សង្ឃឹមនឹងជីវិតដែលជួបតែរឿងស្មុគស្មាញ។ ប៉ុន្តែការតាំងចិត្តតស៊ូជាមួយប្តី លើកទឹកចិត្តអោយគ្នាទៅវិញទៅមកទើប យើងមានថ្ងៃនេះឡើងជាថ្មី។បើទោះជាឥឡូវ អ្នកនាងកវែកកឆ្នាំង តែសប្បាយចិត្តដែល ការប្រឹងរបស់យើងដើរល្អ។ពិសេសមានគេហៅថតសម្តែង ជាពិន្ទុមួយជួយយើងដែរ។ ការខាតព្រោះទិញដីទុកលក់មិនទាន់ចេញ ស្ទះនេះ ធ្វើអោយយើងលំបាកម្តងៗ ។ ប៉ុន្តែយើងងើបមកវិញក៍ការលះបង់មិនបាក់ទឹកចិត្តនេះឯង។ ក្រៅពីសម្តែង អ្នកនាងលក់ផលិតផល គ្រឿងសំអាង និងឡេ24k មានតំណាងចែកចាយ។ម្ល៉ោះហើយទើបមានការរីកលូតលាស់ខ្លះមកវិញ ដូចបានប្រោះឡើងវិញជាថ្មី។