ភ្នំពេញ ៖ រថយន្ដស៊េរីទំនើប Mercedes G 63 មួយគ្រឿង បុករថយន្ដដឹកដីពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តដឹកដីនោះ បុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ សំណាង១ ក្នុង១០០០គ្រោះថ្នាក់ហើយ ដែលក្មេងស្រីម្នាក់ គ្រាន់តែរងរបួសស្រាល បានលូនចេញពីក្រោមរថយន្ត ទាំងការភ័យតក់ស្លុត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកោង កែងផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ ចរាចរណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចទទួលបានដំណឹងពីប្រជាពលរដ្ឋ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនើបម៉ាក Mercedes G63 មួយគ្រឿង ដែលពាក់ស្លាកលេខ កម្ពុជា K.SARUN6 បើកតាមបណ្ដោយផ្លូវកោង ក៏បានបុកគូទរថយន្តដឹកដីពីក្រោយ ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-0566 រួចរថយន្ដដឹកដីនោះ ក៏បានរេចង្កូតទៅបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្ដាលឲ្យមានក្មេងស្រីម្នាក់គាបជាប់ក្រោមរថយន្ត សំណាង១ ក្នុង១០០០គ្រោះថ្នាក់ហើយ អាយុក្មេងស្រីនេះថ្លៃណាស់ ដែលគ្រាន់តែរងរបួសស្រាល បានលូនចេញពីក្រោមរថយន្ត ទាំងការភ័យតក់ស្លុត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌមានជ័យ ក៏បានមកដល់បានធ្វើការសាកសួរទៅភាគីរថយន្តស៊េរីទំនើបខាងលើ ដោយរថយន្តស៊េរីទំនើបខាងលើ បានចរចារគ្នាជាមួយនឹងរថយន្តដឹកដី ដោយមិនទាមទារសំណងអ្វីនោះទេ ដោយសារតែរថយន្តស៊េរីទំនើប បើកបុកគូថរថយន្តដឹកដីពីក្រោយ ប៉ុន្តែនៅតែរថយន្តដឹកដី ធ្វើការដោះស្រាយគ្នាជាមួយនិងផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរងការខូចខាត និងក្មេងស្រីដែលរបួសខាងលើ បន្តទៀត៕