សៀមរាប: យោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការងទទួលផែន ព្រហ្មទណ្ឌ លោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្រប សម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធ ករណីប្រើប្រាស់អាវុធខុសច្បាប់ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណី ផ្ទុះអាវុធត្រង់ចំណុច មុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិងក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
ដំណើរនៃរឿងហេតុ៖ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណី ផ្ទុះអាវុធត្រង់ចំណុចមុខ ភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បង្កឡើងដោយឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោកខណ្ឌទួលគោករាជធានីភ្នំពេញជាភ្ញៀវចូលមកផឹកស៊ីក្នុងហាង ស្នាដៃម៉ែក្មែក៥ ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តីជាមួយនារីជាសង្សារនៅពេលចេញមកមុខហាង កន្លែងចតម៉ូតូ ជនសង្ស័យ បានធ្វើសកម្មភាព ដកកាំភ្លើងខ្លីម៉ាក G Lock 19 ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភក្តិគេចខ្លួនបាត់ ចំណែកនារីជាសង្សារបានជិះម៉ូតូតាមពីក្រោយចេញទៅបាត់ ។
ក្រោយពេលកើតហេតុ កម្លាំងបានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការចាប់យកវត្ថុតាង ( សម្បកកន្ទុះ ) ចំនួន ០១នៅកន្លែងកើតហេតុលុះរហូតដល់វេលាម៉ោង១៤និង៣០នាទីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២១សមត្ថកិច្ចបាននាំឈ្មោះ កែវ វី មកធ្វើការសាកសួរ ។
តាមចម្លើយរបស់ឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ បានឆ្លើយថា រូបគាត់ជាទាហាន កងវិស្មកម្ម ក្រសួងការពារជាតិដោយចុះ បេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយះពេល ០៣ថ្ងៃហើយ ។ នៅវេលាម៉ោង ២១ និង ០០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រូបគាត់ និងសង្សារឈ្មោះ ឈួន ចាន់ឌឿន ហៅនី ភេទស្រី ២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកស៊ីជាមួយមិត្តភក្តិនៅហាង ម៉ែក្មែក៥ ក្នុងខេត្តសៀមរាប លុះរហូតដល់ម៉ោង ២២ និង ០០នាទីយប់ ថ្ងៃខែឆ្នាំដដែល គាត់បានចេញពីផឹកស៊ីវិញដើរមកកន្លែង ចតម៉ូតូ បំណងទៅដេកដោយពេលនោះគាត់បានហៅឲ្យសង្សារគាត់ឈ្មោះឈួនចាន់ឌឿនឡើងជិះម៉ូតូប៉ុន្តែសង្សារគាត់ មិនព្រម ពេលនោះគាត់ និងសង្សារ មានទំនាស់ពាក្យសម្តីនិងគ្នា គាត់ក៏បានដកកាំភ្លើងខ្លី ពីចង្កេះ ម៉ាកGlock-19 បាញ់ ០១គ្រាប់ ផ្ទុបទៅ និងដី ក្រោយពេលបាញ់ហើយ គាត់រូបគាត់ បានឡើងជិះរថយន្ត ជាមួយមិត្តភក្តិ ចេញទៅបាត់ ចំណែកសង្សាររបស់គាត់ បានជិះម៉ូតូចេញទៅបាត់តែម្តង ។ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងកម្លាំងជំនាញ រៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕