បន្ទាយមានជ័យ៖ក្រុមអន្តរាគមបង្ក្រាបបទល្មើសការិយាល័យសហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់ បង្ក្រាបបានជ្រូកក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿង តាមច្រករបៀងចេញពីប្រទេសថៃត្រូវ កាលពី ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១១យប់ ។
បើតាមមន្ត្រីចម្រុះឲ្យដឹងថានៅយប់នោះកម្លាំងបានចេញស្ទាក់ចាប់បានរថយន្ត១គ្រឿងម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យអ្នកបើកដោយឈ្មោះយនសាម៉េតអាយុ៣៧ឆ្នាំមានទីលំនៅនៅភូមិស្រឡៅជ្រុំឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបងក្រោយពីឃាត់រថយន្តហើយកំលាំងចំរុះឆែកឆេក្នុងរថយន្តរកឃើញ ជ្រូករស់ក្លាស្សេចំនួន ១៦០ក្បាល។
ប្រភពបន្តថាក្រោយពីពិនិត្យជាក់ស្ដែងឃើញថាពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្វីទាំងអស់និងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងមានការប្រែប្រួលសភាពដើមនិងមានក្លិនស្អុយទើបមន្ត្រីចំរុះសម្រេចដុតកម្ទេចចោល នៅវេលាម៉ោង ១២ និង ៣០នាទី រសៀល នៅថ្ងៃទី ៤ ខែវិច្ឆិការ ឆ្នាំ២០២១ តែម្តង។
ប្រភពដដែលបន្ថែមថាបណ្ដាអាជីវករមួយចំនួនតូចនៅតែបន្តបំពានក្នុងការទិញជ្រូកមិនសុចរិតកណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរថៃត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចដឹកជ្រូករស់ក្លាស្សេនាំចូលដោយគ្មានការត្រួតពិនិត្យយកមកលក់ក្នុងទីផ្សារដែលជាហេតុបង្កការលំបាកក្នុងការទប់ស្កាត់និងបង្ក្រាបអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម។ចំណែកម្ចាស់រថយន្តនិងរថយន្តកម្លាំងចម្រុះយកទៅធ្វើតាមនីតិវិធីនៃច្បាប់៕