រាជធានីភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង១៥ និង២០ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាទី ។
ជនសង្ស័យឈ្មោះ កែវ រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីកងរាជអាវុធហត្ថ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវបេតុង ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៦៣ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕