ភ្នំពេញ: បុរសម្នាក់បានទុកម៉ូតូកង់បី១គ្រឿង នៅមុខបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រួចចូលទៅដេកដូចរាល់ដង លុះដល់វេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រាប់តែមានចោរចូលទៅលួចបើកយកចេញទៅបាត់ស្រមោល ។ ខណ:នោះគាត់អត់បានដឹងទេ រហូតព្រឹកឡើងថ្ងៃដដែល ក្រោយភ្ញាក់ពីដេកទើបដឹង និងមានការភ្ញាក់ផ្អើល ហើយប្ដឹងនគរបាលតាមរកតាមរយ:ប្រព័ន្ធ GPS ទើបឃើញមកវិញដោយជនសង្ស័យព្យាយាមជិះគេច រួចយកទៅប្លុងចោលនៅជិតវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូកង់បីដែលត្រូវចោរលួច ហើយរកឃើញមកវិញនោះ ពាក់ស្លាកលេខកំពង់ចាម 1U-1123 ដែលមានម្ចាស់ឈ្មោះ លឹម ឡៃ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។ នៅវេលាយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពេលត្រឡប់មកពីរត់វិញ បុរសនេះបានទុកម៉ូតូកង់បីនៅមុខបន្ទប់ជួល ដែលគាត់ស្នាក់នៅ រួចហើយបានចូលដេកនៅក្នុងបន្ទប់ធម្មតា ។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ម៉ូតូកង់បីរបស់គាត់មានភ្ជាប់ប្រព័ន្ធតាមដាន GPS ហើយក្រោយមកក៏ត្រូវបានចោរលួច យកទៅបាត់តែម្ដង ចំណែកឯម្ចាស់ពុំបានដឹងឡើយ ។ រហូតដល់ព្រឹកឡើងក្រោយភ្ញាក់ពីដំណេក រកមើលកង់បីស្រាប់បាត់អត់ឃើញ ទើបមានការភ្ញាក់ផ្អើល ហើយឆែកមើលកាមេរ៉ាផ្ទះជួលទើបដឹងថា កង់បីត្រូវចោរលួចយកតាំងពីវេលាម៉ោង២យប់ រលងអធ្រាត្រឈាបចូលថ្ងៃទី០២ ខែវិច្ឆិកាម្ល៉េះ ។ បន្ទាប់មកក៏បានប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ជួយអន្តរាគមន៍ ហើយរហូតដល់ព្រឹកថ្ងៃដដែល ទើបរកឃើញវិញ ដោយជនសង្ស័យយកទៅប្លុងចោល នៅតាមផ្លូវជិតវត្តគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ៕