ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីង តែសំណាងដែរដែលមិនមានអ្នករងរបួស។ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបចេនឡា តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខេមរភូមិន្ទ02 2-6357 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បួងចង្កូតឡេីងទៅទិសខាងលិចតាមបណ្តោយផ្លូវលេខ២១៧ ក្នុងល្បឿនលឿនក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងច្រងាងៗ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ភ្លាមៗនោះមានមានបងប្អូនប្រជាពលរដ្ឋជួយលេីករថយន្តឱ្យក្រឡាប់មកវិញ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕