ភ្នំពេញ ៖ ក្រោយមានករណីFacebook ឈ្មោះ ថា Chan Sambok បានបង្ហោះថា «ជិតវត្តទួលអស់លោក យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមក្មេងពាលបានចងខ្សែភ្លើងកាត់ទទឹងផ្លូវ៩០៧ ដើម្បីសម្លាប់យកម៉ូតូ» រួចមក បន្ទាប់ពីបានទទួលព័ត៌មានអំពីករណីនេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះធ្វើការស្រាវជ្រាវដល់ទីតាំងជាក់ស្តែង នឹងបានបញ្ជាក់ថា តាមពិតមិនមែនជាករណីចងខ្សែភ្លើងកាត់ទទឹងថ្នល់ ប្លន់យកម៉ូតូនោះទេ ជាប្រភេទខ្សែភ្លើង(ខែ្សអ៊ីនធឺណេត) ដែលដាច់ធ្លាក់មួយចំហៀងចុះក្រោមក្បែរផ្លូវ ហើយទីតាំងខាងលើស្ថិតនៅ មុខរោងចក្រអគ្គីសនី ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងអញ្ជើញឈ្មោះ ច្រឹង សុមនោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៧F ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីធ្វើការបំភ្លឺ និងចង្អុលបង្ហាញកន្លែងកើតហេតុ ដែលជាអ្នកជិះម៉ូតូទាក់ខ្សែភ្លើងផ្ទាល់ បានប្រាប់ថា នៅយប់ម៉ោង០១:០០នាទី កណ្តាលអាធ្រាត្រ រូបខ្លួនបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះមិត្តភក្តិ នៅបុរីលឹមឈាងហាក់ ដោយជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវលេខ៩៩ (មិនមែនលេខ៩០៧នោះទេ) ពេលធ្វើដំណើរដល់ចំណុចខាងលើមានខ្សែភ្លើងមួយសសៃរដែលដាច់ធ្លាក់ពីបង្គោលធ្លាក់មកក្រោមបានទាក់កតែពុំបានដួលម៉ូតូទេបណ្តាលឱ្យស្នាមនៅនឹងក រួចក៏បានជិះម៉ូតូបន្តទៅផ្ទះទៅទៀត ។
តាមការបំភ្លឺរបស់សន្តិសុខឈ្មោះ រស់ គ្រី ភេទប្រុស អាយុ៥២ឆ្នាំ ដែលជាសន្តិសុខយាមរោងចក្រអគ្គីសនីចម្ងាយពីចំណុចខាងលើប្រហែល ១០ម៉ែត្រ បានប្រាប់ថា ខ្សែភ្លើងនៅចំណុចខាងលើបានដាច់ធ្លាក់ចុះក្រោមក្បែរផ្លូវដោយសារឡានដឹកទំនិញបើកទាក់ដាច់ប្រហែលមួយសប្តាហ៍មកហើយ ហើយចំណុចខាងលើពុំដែលឃើញមានបទល្មើសអ្វីកើតឡើងនោះទេ។ បើទោះបីមានមនុស្សនៅក្បែរចំណុចខាងលើក៏សន្តិសុខប្រាប់ឱ្យចេញដែរ ព្រោះជាកន្លែងហាមឃាត់ ៕