អាមេរិក ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ថាក្រុមការងារសុខាភិបាលអន្តរជាតិបាននិយាយថា ផែនការដាក់ចេញថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Merck ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់ កំពុងតែរំលឹកឡើងវិញនូវ «វិសមភាព» នៃការចែកចាយវ៉ាក់សាំង ដែលប្រទេសមានតម្រូវការចាំបាច់ ឬប្រទេសក្រក្រី នឹងត្រូវស្ថិតនៅចុងខ្សែបន្ទាត់នៃឱកាសទទួលបានថ្នាំនេះ។
ក្រុមការងារអន្តរជាតិខាងលើនេះ បានលើកជាឧទាហរណ៍ជាក់ស្តែង អំពីអ្វីដែលបានកើតមានឡើងរួចទៅហើយ នោះគឺប្រជាជនអាហ្វ្រិកតែ «៥ភាគរយ» ប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19 បើប្រៀបធៀបជាមួយអត្រាចាក់វ៉ាក់សាំងជាង «៧០ភាគរយ» ដែលសម្រេចបាននៅក្នុងបណ្តាប្រទេសអ្នកមានភាគច្រើន។
ក្រុមហ៊ុនផលិតឱសថ Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅថ្មីៗនេះ បានដាក់ពាក្យស្នើសុំការប្រើប្រាស់ថ្នាំគ្រាប់ ម៉ុលនូភីរ៉ាវៀរ (molnupiravir) ក្នុងករណីបន្ទាន់ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សបានបង្ហាញថា ថ្នាំគ្រាប់នេះអាចកាត់បន្ថយការចូលសម្រាកមន្ទីរពេទ្យ និងអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 បានរហូតដល់ទៅ ៥០%។
ទោះជាយ៉ាងណា ក្រុមមន្ត្រីសុខាភិបាលអន្តរជាតិបាននិយាយថា បញ្ហានៃការចែកចាយ និងឱកាសដែលប្រទេសក្រីក្រនានា អាចទទួលបានថ្នាំគ្រាប់ខាងលើនេះ អាចនឹងមិនសូវខុសពីវ៉ាក់សាំងនោះឡើយ។ បើតាមអះអាងរបស់ក្រុមហ៊ុន Merck ឲ្យដឹងថា ខ្លួនគ្រោងនឹងផលិតថ្នាំគ្រាប់ molnupiravir ចំនួន ១០លានបន្ទះ នៅអំលុងចុងឆ្នាំ២០២១នេះ និង២០លានបន្ទះទៀតនៅឆ្នាំ២០២២។ ថ្នាំគ្រាប់ molnupiravir តម្រូវឲ្យអ្នកជំងឺលេបចំនួន ២គ្រាប់ក្នុងមួយថ្ងៃ៕