ភ្នំពេញ៖ កម្លាំងសមត្តកិច្ចនគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួន មុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ទាវ សុខ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រូវលើ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ពាក់ពន្ធ័ករណីគំរាមកំហែងហែកកេរ្តិ៍ (លួចថតជនរងគ្រោះក្នុងបន្ទប់ទឹក គំរាមយកប្រាក់)នារីរងគ្រោះឈ្មោះ ស.ន អាយុ១៨ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។
ក្រោយពីសមត្តកិច្ចឃាត់ខ្លួន ជនសង្ស័យយកទៅសាកសួរ ស្រាប់តែធ្លាយបទល្មើសផ្សេងទៀត រហូតដល់កម្លាំងនគរបាលខេត្តកំពត សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានទៅនាំជនសង្ស័យម្នាក់ឈ្មោះ យូ ហាន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងទៅចង្អុលបង្ហាញគូកន ២នាក់ទៀតសុទ្ធតែពាក់ពន្ធប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងនោះមានម្នាក់ឈ្មោះ ធន់ ធេន ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់បាននៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមនឹងម្នាក់ឈ្មោះ ហ៊ឹម ខេមរិន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់បាននៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទាំង៤នាក់ គឺជាមុខសញ្ញាពាក់ពន្ធនឹងអំពើចោរកម្ម ។
លុះព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សមត្តកិច្ចបានសហការទៅឃាត់ខ្លួនបានជនសង្ស័យទៀតឈ្មោះ ហ៊ុន ហាន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ២ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ូតូ ពាក់ព័ន្ធពីបទ ទទួលផលចោរកម្ម ក្នុងអំពើលួចមានស្ថានទម្ងន់ទោស នៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ និងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកC ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ផ្លាកលេខ កណ្ដាល1Y-0682 (ស្លាកលេខក្លែងក្លយ) ដែលជាផលនៃចោរកម្ម ។បច្ចុប្បន្នជនសង្ស័យ១ក្រុមនេះ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕