ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្មីៗនេះ មានបុរសម្នាក់បង្ហោះរៀបរាប់ អំពីករណីរបស់ខ្លួនថា“ខំស្កាត់មករកការងារធ្វើហើយចាញ់បោកចិន និងខ្មែរទៀត”។
ប្រភពដដែលបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគរបាលខេត្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវរកករណីខាងលើដោយកំណត់រកឃើញជនរងគ្រោះមានឈ្មោះ ធឿន វិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីជីដូនមួយ នៅម្តុំចំការស្ពៃស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។បន្ទាប់មកមន្រ្តីជំនាញក៏បានណែនាំឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅតាមនីតិវិធីរួចរាល់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។លោកស្នងការ បានបញ្ជាក់បន្ថែមថា ចំពោះករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕