សៀមរាប ៖ អធិការនគរបាលស្រុកប្រាសាទបាគង បានអះអាងថា កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បើកការស្រាវជ្រាវ ស្ទើរពេញមួយយប់ ករណី ប្លន់យកទ្រព្យ សម្បត្តិអស់លុយចំនួន២២០០០ដុល្លារ ជាលទ្ធផល គឺជាករណីប្រឌិត និងប្តឹងបំភ្លៃរឿង ថាត្រូវគេប្លន់យកលុយ មូលហេតុ ចាយលុយលក់ដីអស់ ខ្លាចប្តីខឹង ក៏ប្រឌិតបំភ្លៃ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានចេញរបាយការណ៍ថា “បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ថាមានករណី ប្លន់យកទ្រព្យ សម្បត្តិអស់លុយចំនួន២២០០០ដុល្លារ កាលពីយប់ថ្ងៃទី ២៣ខែ កញ្ញាឆ្នាំ ២០២១ម្សិលមិញនេះ នៅចំណុចភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ដោយមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ភ្លាមៗ ខ្ញុំបាទ បានដឹកនាំកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បើកការស្រាវជ្រាវ ស្ទើរពេញមួយយប់ ជាលទ្ធផល គឺជា ករណីប្រឌិត និងប្តឹងបំភ្លៃរឿង ថាត្រូវគេប្លន់យកលុយ មូលហេតុ ចាយលុយលក់ដីអស់ ខ្លាចប្តីខឹង ក៏ប្រឌិតបំភ្លៃ តែប៉ុណ្ណោះ “។បើតាមស្រ្តីរូបនោះមានអាយុ៤៧ឆ្នាំ បានសុំធ្វើកិច្ចសន្យានៅចំពោះសមត្ថកិច្ចដូចខាងក្រោម ចំពោះករណីរឿងដែលនាងខ្ញុំបានប្ដឹងបំភ្លៃរឿងថា មានចោរចូលប្លន់ យកលុយនៅក្នុងកាបូប នៅហ្នឹងតូបលក់ចំណុចភូមិតាគោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ១០ នាទី គឺនាងខ្ញុំទទួលស្គាល់ពិតជាបានប្រឌិត ដោយខ្លួនឯងពិតប្រាកដមែន ដោយមូលហេតុខ្លាចប្ដីដឹងថា ចាយលុយអស់មិនប្រាប់គាត់។
ដោយយល់ឃើញថានាងខ្ញុំធ្វើនេះ ខុសនឹងផ្លូវច្បាប់ដូចនេះ នាងខ្ញុំសូមធ្វើការសុំទោស ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសុំការអធ្យាស្រ័យ សុំអភ័យទោសដល់រូបនាងខ្ញុំផង។ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំឈប់ធ្វើអំពើបែបនេះ ឬធ្វើអំពើអ្វីផ្សេងទៀត ដែលផ្ទុយពីផ្លូវច្បាប់ ឬបង្កឲ្យមានភាពចលាចល ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គមឡើយ។ បើសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើនេះទេ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ចំណែកឈ្មោះសម្បត្តិ កុសល ជាប្ដី ទទួលស្គាល់ដឹងឮ តាមកិច្ចសន្យានេះ៕