ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃនេះថា កម្លាំងនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យ ក្នុងបទអំពើលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១ និង១០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកសណ្ឋាគារកាស៊ីណូស៊ីននាវ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ប្រាប់ថាមានករណីគាស់ទ្វារចូលក្នុងសណ្ឋាគារ ធ្វើសកម្មភាពលួចយកសម្ភារចេញពីក្នុងទីតាំង។
ជនសង្ស័យដែលឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖ ១-ឈ្មោះ ឃុន ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ សា្នក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (អ្នកទទួលផល)។
២-ឈ្មោះ ឈាង ចន្ថា ហៅអាប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ(សហចារី)។
៣-ឈ្មោះ ពេជ្រ ចាន់ថេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅបណ្ដោះអាសន្នក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ(សហចារី)។
សម្ភារវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព) និងឧបករណ៍សម្រាប់ធ្វើសកម្មភាពគាស់លួចសម្ភារជាច្រើនទៀត រួមទាំងសម្ភាររបស់របរប្រើប្រាស់ និងគ្រឿងបរិក្ខារជាច្រើនដូចរៀបរាប់ខាងលើ ។ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បាននាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកមិ្រតធ្ងន់ បន្ដសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕