ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងលឿនដូចហោះជ្រុលទៅបុកថូផ្ការនិងរបងមន្ទីរសម្រាកព្យាបាល មួយកន្លែងក្នុងខណ្ឌទួលគោកបណ្តាលឲ្យទ្រេតរងការខូចខាតយ៉ាងដំណំ រួចចុះពីលើរថយន្តហៅកង់បីព្យាយាមជិះគេចខ្លួនចេញពីកន្លែងកើតហេតុត្រូវសមត្ថកិច្ចតាមឃាត់បានមកវិញ។ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះឡើងកាលពីវេលាម៉ោង ២២និង ១០ នាទីយប់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខមន្ទីសម្រាកព្យាបាល នីអូឡាយហ្វ៍ តាមបណ្ដោយផ្លូវ ៥៩៨កែងនឹងផ្លូវ ១៩៨៦ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-3892ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ៥៩៨ រថយន្តទៅត្រង់ មិនបង្អង់ល្បឿនជ្រុលថូផ្ការបែកអស់មួយចំនួននិងរបងបន្តទៅបុករបងមន្ទីរពេទ្យបណ្ដាលឲ្យទ្រេតឯរថយន្តផ្ទប់ជាប់រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អអ្នកបើកមិនរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ទីតាំងកន្លែងកើតហេតុ ស្រាប់តែម្ចាស់រថយន្តបានហៅម៉ូតូកង់បីជិះគេចខ្លួន ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច នាំគ្នាជិះម៉ូតូដេញឃាត់ជាប់បានមកវិញយកមកកន្លែងកើតហេតុធ្វើការដោះស្រាយគ្នា បន្ទាប់មកម្ចាស់រថយន្តបានទទួលខុសត្រូវទាំងស្រុង ហើយប្រាប់ថាធានាខុសត្រូវចេញសំណងថ្លៃការខូចខាតដើម្បីប្រញាប់រឿង៕