ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) ដឹកនាំដោយលោក ស រ៉ោ អនុប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើស សត្វព្រៃចល័ត សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះបង្រ្កាបបទល្មើសជួញដូរ សត្វព្រៃខុសច្បាប់ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅផ្ទះរបស់ឈ្មោះ កើត អន ភេទ ស្រី អាយុ៥៧ឆ្នាំ ។
ប្រតិបតិ្តការនេះ សមត្ថកិច្ចដកហូត សាច់ឈ្លូស ៨គីឡូ , សាច់ជ្រូកព្រៃ ១៥គីឡូ, សាច់កាំប្រម៉ា ១គីឡូ,សត្វកុក ៥ក្បាល, សត្វកំប្លុក ៦ក្បាល, សត្វចាបស្រូវ ៥ក្បាល, អណ្ដើកចំនួន ៧១ក្បាលស្មើនឹង៣៦គីឡូ និងសត្វកុកក្រហមរស់ ៥ក្បាល។
សមត្ថកិច្ច បញ្ជាក់ថា ចំពោះសត្វដែលនៅរស់ត្រូវបានយកទៅលែងវិញហើយនៅទីតាំងដែលមានសុវត្ថិភាព រីឯសាច់និងសត្វដែលងាប់ត្រូវបានយកទៅដុតកម្ទេចចោល ចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសនេះ សមត្ថកិច្ចជំនាញបានផាកពិន័យជាប្រាក់ តាមនីតិវិធីច្បាប់៕