កំពង់ចាម៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងសហការជាមួយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់អធិការនគរបាលស្រុកបារាយណ៍ និងកម្លាំជំនាញរបស់អធិការនគរបាលស្រុកសន្ទុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាបាន និងបានធ្វើការបង្រាបឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួច(សត្វគោ) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង១៦ និង០០នាទី វេលាម៉ោង០៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងជនសង្ស័យទី១-ឈ្មោះ ហ៊ឹម លីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី២-ឈ្មោះ ឌី សូវុន ភេទប្រុស អាយុ៣៥ឆ្នាំ ជណជាតិខ្មែរ មានទីលំនៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សត្វគោឈ្មោល ចំនួន០២ក្បាល សម្បុរស(ជាសត្វគោដែលបានលួចពីជនរងគ្រោះនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម) អាវុធវែងចំនួន០១ដើម ធុនAK ស្វាយបត់,បង់ចំនួន០១ និងគ្រាប់ចំនួន១៥គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយឡែកបក្សពួកចំនួន០៣នាក់ទៀត សមត្ថកិច្ចយើងកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន ៕