ជនសង្ស័យម្នាក់ត្រូវបានបុរសជាសន្តិសុខយាមនៅដេប៉ូប្រេងឥន្ធនៈចាក់បណ្តាលអោយស្លាប់ ខណៈបុរសជាសន្តិសុខក៏រងរបួសដែរ បន្ទាប់ពីជនសង្ស័យខាងលើចូលធ្វើសកម្មភាពឡើងរបងបម្រុងចូលលួចសម្ភារៈបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមចំណុចដេប៉ូប្រេងឥន្ធនៈតេឡា ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលស្លាប់ពុំត្រូវស្គាល់អត្តសញ្ញាណគ្រាន់ដឹងថា មានវ័យប្រមាណ៤០ឆ្នាំ និងមានមាឌធំ ធាត់។ ចំណែកបុរសជាសន្តិសុខក៏ពុំត្រូវស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យប្រមាណ៦០ឆ្នាំ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅវេលាកើតហេតុ គេឃើញបុរសរងគ្រោះបានប្រតាយប្រតប់ចាក់គ្នាជាមួយជនសង្ស័យដោយបានស្រែកឆោរឡោរថា ចោរៗដើម្បីអោយគេឯងជួយ ។ ពេលនោះ អ្នកដែលបានឃើញហេតុការណ៍ ឃើញជនសង្ស័យដែលជនរងគ្រោះស្រែកថាជាចោរនោះ បានរត់គេចចេញពីកន្លែងកើតហេតុបានប្រមាណ១០០ម៉ែត្រ ក៏ទៅដេកដួលស្លាប់នៅទីនោះតែម្តង។ ដោយឡែកបុរសជាសន្តិសុខត្រូវរងរបួសក៏ធ្ងន់ធ្ងរ ដឹកយកទៅសង្គ្រោះ ។
អធិការរងនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ ជាង ហុកសែ បានប្រាប់អោយដឹងថា ផ្អែកតាមការក្តាប់ចម្លើយបំភ្លឺរបស់ពលរដ្ឋដែលបានឃើញហេតុការណ៍ ពិសេសកាំមេរ៉ាសុវត្ថិភាពនៅជុំវិញតំបន់កើតហេតុឃើញថា ជនសង្ស័យដែលស្លាប់ គឺជាចោរប្រាកដមែន ដោយបានចូលទៅទីតាំងរបស់គេបម្រុងលួចអីវ៉ាន់ ប៉ុន្តែពេលនោះត្រូវវ៉ាក់អើរគ្នាជាមួយនឹងបុរសជាសន្តិសុខយាមនៅទីនោះ ចេញមកទាន់ ក៏ប្រតាយប្រតប់គ្នារហូតភាគីខាងជនសង្ស័យដកកាំបិតចាក់ទៅជនរងគ្រោះ ហើយជនរងគ្រោះព្យាយាមដណ្តើមកាំបិតចាក់ទៅវិញ រហូតធ្វើអោយជនសង្ស័យត្រូវរបួសចំក្រោមក្លៀក ហើយរត់គេចចេញពីកន្លែងកើតហេតុបានប្រមាណ១០០ម៉ែត្រ ក៏ដួលស្លាប់តែម្តង ។
ចំណែកជនរងគ្រោះត្រូវរងរបួសផ្នែក.ក ធ្ងន់ធ្ងរ ដោយពុំទាន់អាចផ្តល់ចម្លើយអ្វីបានទាំងអស់ទៅកាន់សមត្ថកិច្ចជំនាញ ។
យ៉ាងណាមិញ បច្ចុប្បន្នសពជនសង្ស័យកំពុងរងចាំក្រុមគ្រូពេទ្យចុះធ្វើសំណាកតេស្តរកមេរោគកូវីដ១៩ជាមុនសិន មុនឈានដល់ការពិនិត្យវិច័យលើសាកសព ថាត្រូវរបួសកន្លែងណាខ្លះ នៃរាង្គកាយទើបបណ្តាលអោយស្លាប់ ។ ជុំវិញកន្លែងកើតហេតុ ក៏បានការហ៊ុមព័ទ្ធខ្សែ ដោយមានកម្លាំងសមត្ថកិច្ចយាមកាមផងដែរ ។
ទន្ទឹមនឹងនោះ គេនៅពុំទាន់ដឹងថា បុរសជាសន្តិសុខរងគ្រោះ អាចនឹងមានទោសទណ្ឌនឹងផ្លូវច្បាប់ដែរ ឬយ៉ាងណានោះទេ ក្នុងករណីបង្កអោយមានអ្នកស្លាប់បែបនេះ ខណៈសមត្ថកិច្ចជំនាញកំពុងប្រមូលអង្គហេតុ នៃរឿងអោយបានច្បាស់លាស់ ដើម្បីសុំគោលការណ៍បន្តទៅកាន់ថ្នាក់លើ ៕