ខេត្តសៀមរាប៖ ដើមចន្ទគិរី ឬដើមអំពិលទឹកបារាំងមួយដើម បានរលំសង្កត់រថយន្តមួយគ្រឿង ដែលម្ចាស់បានចតចោលហើយចូលទៅពិសាកាហ្វេ ខណៈមានភ្លៀងធ្លាក់ លាយឡំ ខ្យល់កន្ត្រាក់ផងនោះ។
ហេតុការណ៍នេះកើតនៅវេលាម៉ោងប្រមាណ ១០និង២០នាទីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុច ជិតហាងកាហ្វេប្រោន ខាងកើតជាប់មាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
រថយន្តដែលដើមឈើរលំសង្កត់នេះ ម៉ាកឆេវរ៉ាលេត ពណ៌ស ស្លាកលេខ 2AQ 3258 បានរងការខូចខាតធ្ងន់តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
ម្ចាស់រថយន្តខាងលើបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានចតរថយន្តហើយចូលទៅផឹកកាហ្វេ បន្ទាប់ពីផឹករួចក៏ចេញមកវិញ ជិតដល់រថយន្តក៏ស្រាប់តែដើមឈើដែលនៅក្បែរនោះរលំសង្កត់លើរថយន្តគាត់តែម្តង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ -១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ មានផ្ទៃមេឃអួអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១៕