ភ្នំពេញ៖ យុវតីវ័យ ២០ឆ្នាំម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បម្រុងឡើងស្ពានជ្រោយចង្វារ លោតទឹកបញ្ចប់ជីវិត នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ប៉ុន្តែត្រូវបានក្រុមអ្នកជិះកង់ហាត់ប្រាណប្រទះឃើញ ក៏នាំគ្នាស្រែកឱ្យគេជួយឃាត់ និងនាំយកចុះទៅខាងក្រោមស្ពានវិញ។
យោងតាមនារីរងគ្រោះ បានឱ្យដឹងថា មានឈ្មោះ ពេជ្រ លីហ្សា អាយុ២០ឆ្នាំ ជាអ្នកលក់ដូរ ចាប់ហួយ រស់នៅសង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាងបានរៀបរាប់ថា ដោយសារតែមានវិបត្តិផ្លូវចិត្ត និងពិបាកចិត្តយ៉ាងខ្លាំង ព្រោះបច្ចុប្បន្ន ទទួលរងនូវសម្ពាធគ្រប់បែបយ៉ាង ទាំងក្នុងគ្រួសារ ទាំងស្នេហា និងទាំងរឿងផ្ទាល់ខ្លួន ទើបសម្រេចចិត្តជិះកង់បីឥណ្ឌា ឡើងលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតដូចនេះ។
សូមបញ្ជាក់ថា ក្រោយពីឃាត់នារីដែលបម្រុងលោកទឹកសម្លាប់ខ្លួននេះរួច សមត្ថកិច្ចបានធ្វើការលួងលោម និងនាំខ្លួនទៅអង្គភាពការពារគោលដៅទី៣ ដែលមានទីតាំងក្រោមស្ពានជ្រោយចង្វារ ដើម្បីរង់ចាំគ្រួសារមកទទួលត្រឡប់ទៅវិញ៕