មន្រ្តីជាន់ខ្ពស់តាលីបង់បាននិយាយថា ស្ត្រីនឹងមានតួនាទីខ្លះនៅក្នុងរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី ប៉ុន្តែពួកគេប្រហែលជាមិនត្រូវបានតែងតាំង ក្នុងមុខតំណែងរដ្ឋាភិបាលកំពូលណាមួយឡើយ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC លោក Abbas Stanekzai អនុប្រធានការិយាល័យនយោបាយរបស់តាលីបង់នៅប្រទេសកាតា បាននិយាយថា ស្ទើរតែពាក់កណ្តាលនៃបុគ្គលិករដ្ឋាភិបាលគឺជាស្ត្រី ដូច្នេះពួកគេអាចត្រលប់មកវិញ ហើយបន្តធ្វើការ ។
លោក Stanekzai បាននិយាយទៀតថា ប៉ុន្តែនៅក្នុងតំណែងកំពូលៗ ឬនៅក្នុងគណៈរដ្ឋមន្ត្រីប្រហែលជាមិនមានស្ត្រីនោះទេ ។លោកបានសង្កត់ធ្ងន់ថា ស្ត្រីដែលធ្វើការត្រូវគ្របសក់របស់ពួកគេជាមួយក្រណាត់បែប Hijab ស្របតាមច្បាប់ឥស្លាម ។
ទន្ទឹមនោះសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសសហភាពអឺរ៉ុប ជប៉ុន និងប្រទេសដទៃទៀតកំពុងមើលថាតើ សិទ្ធិរបស់ស្ត្រីចំពោះការអប់រំ និងការងារនៅអាហ្វហ្គានីស្ថាន នឹងត្រូវបានធានាក្រោមរដ្ឋាភិបាលថ្មីដែលត្រូវបានបង្កើតឡើងដោយពួកតាលីបង់ដែរឬទេ ៕