វែលីងតោន៖ ប៉ូលិសនូវែលសេឡង់បានបាញ់សម្លាប់បុរសម្នាក់នៅថ្ងៃសុក្រនេះបន្ទាប់ពីគេបានចាក់មនុស្សយ៉ាងហោច៦នាក់បណ្តាលឲ្យរងរបួសនៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង អកឡេន (Auckland) ។
សេវារថយន្តសង្គ្រោះបន្ទាន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន៤នាក់រងរបួសធ្ងន់។
សាក្សីជាច្រើនបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅផ្សារទំនើបថា ពួកគេឃើញមនុស្សជាច្រើនដេកនៅលើឥដ្ឋដោយមានត្រូវរបួស។សាក្សីផ្សេងទៀតបាននិយាយថា ពួកគេបានលឺសម្លេងកាំភ្លើងនៅពេលដែលពួកគេរត់ចេញពីផ្សារទំនើបនោះ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) បានចាត់ទុកហេតុការណ៍នោះជា «ការវាយប្រហារភេរវកម្ម» ដោយជនជាតិស្រីលង្កាម្នាក់ដែលស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិសតាំងពីឆ្នាំ២០១៦។
ជនសង្ស័យនោះត្រូវបានគេនិយាយថាត្រូវបានបំផុសគំនិតដោយក្រុមរដ្ឋអ៊ីស្លាម។លោកស្រី អាដឺន បានឲ្យដឹងថា ជនសង្ស័យត្រូវបានប៉ូលិសបាញ់សម្លាប់ក្នុងរយៈពេល៦០វិនាទីបន្ទាប់ពីគេបានបើកការវាយប្រហារ៕