កំពង់ស្ពឺ៖ បុរសម្នាក់ ខណៈកំពុងតែដេកអានសៀវភៅធម៌នៅក្រោមផ្ទះ ត្រូវបានជនដៃដល់ចូលកាប់ដល់ក្រោមផ្ទះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗ។ ករណីដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង ១២:៤០នាទី រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ គឹម សិន អាយុ ៧០ឆ្នាំ រីឯជនដៃដល់មានឈ្មោះ ហឿន ឧត្តម អាយុ ៣០ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុជាមួយគ្នា។ នៅមុនកើតហេតុសាក្សីប្រាប់ថា ជនរងគ្រោះកំពុងតែដេកអានសៀវភៅធម៌នៅក្រោមផ្ទះ ស្រាប់តែជនដៃដល់បានលីកាំបិតផ្គាក់ដើរចូលទៅ ហើយកាប់លើជនរងគ្រោះតែម្តងបណ្តាលឱ្យស្លាប់។
ក្នុងករណីនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិត ដែលធ្វើឱ្យជនដៃដល់ទៅកាប់ជនរងគ្រោះនៅឡើយទេ។ ក្រោយកើតហេតុបុរសដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីបន្តនីតិវិធីច្បាប់់៕