បាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នោះ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចុះបង្រ្កាបករណីល្បែងស៊ីសង ក្នុងមូលដ្ឋានឃុំតាគ្រាម និងឃុំស្នឹង ក្នុងនោះមានល្បែងបៀរចំនួន១ករណី និងល្បែងឆ្នោតចំនួន ២ ករណី ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៧នាក់ ស្រីចំនួន៤នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
អធិការនគរបាលស្រុកបាណន់ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងនេះ បានដកហូតវត្ថុតាងមាន៖ បៀរតងចំនួន០៣ហ៊ូ , កម្រាលក្រាលលេងល្បែង០១ផ្ទាំង , កំណាត់ឈើកាវសន្លឹកបៀរចំនួន ០៣ ដើម , កាតុងកត់លេខឆ្នោតចំនួន០៦សន្លឹក , ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង , សន្លឹកក្រដាស់កាបោនទ្រាប់សរសេរចំ នួន ០១សន្លឹក , ទូរស័ព្ទដៃចំនួន ០៥គ្រឿង , ប្រាក់រៀលចំនួន៤២៥,៥០០រៀល , ប្រាក់ដុល្លាអារមេរិកចំនួន៥០ដុល្លា , ម៉ូតូ ០១គ្រឿង , ប្រដាប់កិបក្រដាស់ ចំនួន០១ និងបន្ទាត់ចំនួន០១ ។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី បានឱ្យដឹងដែរថា បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកបាណន់បានធ្វើការសាកសួររួច នៅថ្ងៃទី២ ខែកញ្ញា នេះអ្នកញៀនលេងល្បែងស៊ីសងទាំង៧នាក់ រួមជាមួយនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមវិធានការផ្លូវច្បាប់ ៕