ភ្នំពេញ៖ ស្ថានភាពអាកាសធាតុនៅកម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនលាយឡំនិងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ សីហា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុង កម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្ពាបទាប ITCZ សារជាថ្មីផងដែរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ និហ សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ។ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំពោះខេត្តដែលនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤៥អង្សាសេ ។ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងមានលាយឡំទៅដោយផ្គរ រន្ទះនឹងខ្យល់កន្ត្រាក់ ។ ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមធ្យម ។
ទន្ទឹមនឹងនេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ៕