ភ្នំពេញ ៖ ក្រុមការងារអភិរក្ស ដែលមានមន្រ្តីក្រសួងបរិស្ថាន សហការជាមួយក្រុមអ្នកអភិរក្ស នៃអង្គការ BirdLife បានរកឃើញសម្បុកសត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា ចំនួន១០សម្បុក ក្នុងរយៈពេលត្រឹមតែ៣ខែ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ នេះបើយោងតាមការបញ្ជាក់ពីផេកផ្លូវការ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។
បើតាមចេញផ្សាយរបស់អង្គការ BirdLife នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ សម្បុកត្រយងយក្សមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ ជារៀងរាល់ឆ្នាំក្រុមអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់ បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូន ដើម្បីងាយស្រួលក្នុងការការពារ ក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។
គួរបញ្ជាក់ថា ដោយហេតុថា សត្វនេះពងកូននារដូវវស្សា ការសិក្សាស្វែងរកមានការលំបាកខ្លាំង និងទាមទារការប្រឹងប្រែងខ្ពស់។ ជាមួយគ្នានេះ អ្នកអភិរក្សសង្ឃឹមថា សម្បុកសត្វត្រយ៉ងយក្ស អាចរកឃើញច្រើនបន្ថែមទៀត ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខ៕