អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ វរសេនីយ៍ទោ អុិត ទិត្យណា នាយសេនាធិការរង កងពល បានដឹកនាំក្រុមគ្រូពេទ្យចុះធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ ដល់កងកម្លាំងកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចំនួន៣ស្រុកគឺ: ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។
លោកបានលើកឡើងថា ស្ថិតនៅក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នកំពុងឆ្លងរាលដាលដោយជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទ Delta ដែលនាំឆ្លងតាមរយ:ពលករមកពីប្រទេសថៃ ដោយក្តីព្រួយបារម្ភពីការឆ្លងជំងឺកាចសាហាវនេះ តាមបទបញ្ជា មេបញ្ជាការកងពល កងកម្លាំងត្រូវធ្វើតេស្តសំណាកមេរោគកូវីតឭដ-១៩ គ្រប់ៗគ្នា។
លោកបន្តថា កងកម្លាំងជួរមុខនេះ គឺប្រឈមមុនគេចំពោះជំងឺឆ្លងកូវីដ-១៩ ព្រោះពួកគេធ្វើការផ្ទាល់ជាមួយពលករទាំងយប់ទាំងថ្ងៃ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់ពួកគេ។
នាយសេនាធិការរងកងពល ក៏បានបញ្ជាក់ថា ចំពោះការធ្វើតេស្តកងកម្លាំងទាំង៣ស្រុកទទួលបានលទ្ធផលអវិជ្ជមាន ហើយលោកក៏សម្តែងនូវការរីករាយចិត្ត និងសូមឱ្យបងប្អូនកងកម្លាំងត្រូវខិតខំបំពេញភារកិច្ចបន្ថែមទៀត និងដោយការប្រុងប្រយ័ត្ន ព្រោះជំងឺកូវីដ-១៩នេះ គឺជាសត្រូវ ដែលយើងមើលមិនឃើញ។
លោកក៏បានណែនាំដល់បងប្អូន កងកម្លាំង ត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារ ដើម្បីភាពសុខសាន្តទាំងអស់គ្នា៕