ភ្នំពេញ៖ បវរកញ្ញារងទី៣កម្មវិធីប្រកួត Miss Universe Cambodia កញ្ញា នេត រក្សា បានប្រកាសថា កញ្ញាមិនស្តាយនូវតំណែងដែលបានបាត់បង់ទៅហើយនោះទេ បន្ទាប់ពីកញ្ញាត្រូវបានអ្នករៀបចំកម្មវិធីប្រកួតនេះគឺលោក ម៉ែន និមលរ័ត្ន បានសម្រេចដកចេញពីតំណែងកាលពីដើមខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ។
បើតាមការឡាយនៅក្នុងបណ្ដាញសង្គម Instagram កញ្ញា នេត រក្សា បានលើកឡើងថា « ខ្ញុំនឹងមិនចូលរួមអ្វីទៀតទេ ព្រោះខ្ញុំចង់មានសេរីភាព និងពេលវេលាល្អៗជាមួយនឹងការងាររបស់ខ្ញុំ ការសិក្សារបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ ខ្ញុំមិនសោកស្ដាយវាទេ ឲ្យវាបាត់ទៅចុះ តែយ៉ាងណាក៏នៅតែអគុណFan Fanគ្រប់គ្នានូវការគាំទ្រ ហើយបើពុំមានការគាំទ្រពីអ្នកទាំងអស់គ្នាទេ ម្ល៉េះខ្ញុំមិនអាចឈានជើងមកដល់ចំណុចនេះទេ » ។
ទោះបីជារូបនាងផ្ទាល់ក៏មិនដឹងស៊ីជម្រៅលើរឿងដកតំណែងនេះក្តីក៏កញ្ញាបានបញ្ជាក់ប្រាប់មហាជននូវអ្វីដែលនាងដឹងថា មានហេតុផលសំខាន់តែមួយគត់ដែលតំណែងត្រូវរបូតចេញពីនាង គឺអ្នករៀបចំកម្មវិធីចង់ឲ្យនាងចុះកុងត្រាការងារជាមួយគេ ប៉ុន្ដែនាងមិនព្រមចុះកុងត្រាតាមដែលគេចង់បាន ។ ដោយឡែកលោក ម៉ែន និមលរ័ត្ន អ្នករៀបចំកម្មវិធីMUC មិនទាន់បានចេញមកបកស្រាយនៅឡើយ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ៕