ភ្នំពេញ៖ មហាជនជាច្រើនធ្លាប់បានស្គាល់ហើយតារាសម្តែងជើងចាស់ អ្នកស្រី គង់ ប៊ុនស៊ុន ហៅម៉ែ ប៊ុនស៊ុន ដែលតែងតែសម្តែងដើរតួអង្គជាម្តាយក្នុងខ្សែភាពយន្តខ្មែរជាច្រើនកន្លងមកនេះ តែពេលនេះអ្នកស្រីកំពុងតែជួបការលំបាកខ្លាំង រហូតធ្លាក់ខ្លួនទួលនំលក់ទាំងខ្លួនមានជំងឺប្រចាំកាយ ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ។
នៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែងប្រុស Siara Say បានបង្ហោះរូបភាព និងសារថា អ្នកស្រី ប៊ុនស៊ុន កំពុងតែមានជីវភាពខ្វះខាតខ្លាំង និង ត្រូវការជំនួយដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ព្រោះថាកន្លងមក អ្នកស្រីបានខិតខំតស៊ូថត រឿងផង និង ពេលទំនេរដើរលក់នំតាមចិញ្ចើមថ្នល់ផង អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ប៉ុន្តែដោយសារតែកូវីដ-១៩ ជាង ២ ឆ្នាំនេះ ធ្វើឱ្យអ្នកស្រីមិនមានការងារធ្វើ ថែមទាំងលក់នំក៏មិនដាច់ទៀត ធ្វើឱ្យអ្នកស្រីមិនមានលទ្ធភាពក្នុងការបង់ថ្លៃបន្ទប់ ថ្លៃទឹកភ្លើង ថែមទាំងត្រូវព្យាបាលជំងឺប្រចាំកាយរាល់ខែទៀត ។
ទន្ទឹមនឹងនេះតារាសម្ដែងប្រុស សាយ សៀរ៉ា បានធ្វើការអំពាវនាវដល់បងប្អូនដែលមានចិត្តសប្បុរសជួយឧត្ថម្ភដល់តារាស្រីជើងចាស់រូបនេះដែលធ្វើការជួយជាការទិញនំ ឬជួយឧបត្ថម្ភថវិការជាមួយសប្បុរសធម៌ដើម្បិសម្រាលការលំបាក និងជួយសម្រួលដល់ជីវភាពរបស់គាត់ ៕