ភ្នំពេញ៖ សហស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈ លោក ស្រី បណ្ដូល បានទទួលមរណៈភាពហើយនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩ ធ្វើទុក្ខខ្លាំងរហូតលោកមិនអាចទប់ទល់បាន ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ។
ទន្ទឹមនឹងនេះក្នុងផេកហ្វេសប៊ុករបស់អង្គការហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak)ក៏បានជម្រាបដល់សាធារណជនផងដែរអំពីដំណឹងដ៏ក្រៀមក្រំនេះថា « ជូនចំពោះអ្នកគាំទ្រហ្វារទាំងអស់ជាទីស្រលាញ់ យើងពិតជាមានការសោកស្តាយដែលបានចែករំលែកពត៌មានមួយនេះ ពេលនេះស្ថាបនិកជាទីស្រឡាញ់របស់យើងគឺលោក ស្រី បណ្តូល បានចាកចេញពីយើងហើយ។ លោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ កូវីដ-១៩ ដោយលោកបានតស៊ូយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រពីសំណាក់ភរិយារបស់លោកនៅក្បែរជានិច្ច។ ស្ថានភាពរបស់លោកហាក់ដូចជាប្រសើរឡើងច្រើននៅរសៀលនេះ ប៉ុន្តែគួរឱ្យស្តាយនៅល្ងាចនេះមានការធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស »។
ប្រភពដដែលនេះបានបន្តថា «យើងទាំងអស់គ្នាពិតជាមានការតក់ស្លុតនិងសោកស្តាយយ៉ាងខ្លាំង។ ដួងចិត្ត និងការអធិស្ឋានរបស់យើងគឺនៅជាមួយគ្រួសាររបស់លោក ដែលយើងសុំសម្តែងការចូលរួមរំលែកទុក្ខនិងអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត។ សូមឱ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព។ សូមឲ្យអ្នកទាំងអស់គ្នាមានសុវតិ្ថភាព និងសុខភាពល្អ»។
សូមជម្រាបថា អង្គការហ្វារពន្លឺសិល្បៈ ដែលលោក ស្រី បណ្ដូល ជាសហស្ថាបនិកមួយរូបក្នុងចំណោមសហស្ថានិកទាំង៩នាក់ គឺជាជាអង្គការក្រៅរដ្ឋាភិបាល ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រ និងកុមារមានវិបត្តិរាប់ពាន់នាក់ បានចូលរៀនសិល្បៈ និងចំណេះដឹងទូទៅ អនុវត្ដដូចជា ការគូររូប ជីវចលនា ការថតរូប ការរចនាក្រាហ្វិច និងខ្សែភាពយន្ត បន្ថែមពីលើសិល្បៈសម្តែងដូចជា តន្ត្រី ល្ខោន របាំ និងការលោតហក់(កីឡា)ជាដើម ៕