ព្រះសីហនុ៖ ទីបំផុតមេធាវី ជូ ជាគុយ ដែលបានបាត់ខ្លួននៅឆ្នេរអូរត្រេះ ពេលចុះងូតទឹកលេងជាមួយមិត្តភក្តិរបស់ខ្លួន ក្រោយសមត្ថកិច្ចសហការគ្នាស្វែងរកពេញមួយយប់នោះពេលនេះបានរកឃើញហើយ ដោយសាកសពបានអណ្តែតមកទើរលើឆ្នេរ ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីកន្លែងបាត់ខ្លួននោះ ។
បើតាមលោកលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានជម្រាបឲ្យថា សពមេធាវីដែលជាជនរងគ្រោះបានរកឃើញនៅវេលម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដោយបានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១៣០០ម៉ែត្រពីកន្លែងបាត់ខ្លួន។ បន្ទាប់មកសាកសពត្រូវបានក្រុមគ្រួសារសាច់ញ្ញាតលើកដាក់លើគោក រង់ចាំពេទ្យយកសំណាក និងសមត្ថកិច្ចធ្វើកោស្យវិនិច្ឆ័យ ។
សូមជម្រាបថា មេធាវី ជូ ជាគុយ អាយុ២៩ឆ្នាំ រស់នៅភ្នំពេញ និងមានមុខរបរជាមេធាវី បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែរកមិនឃើញទើបនៅព្រឹកទៀបភ្លឺថ្ងៃនេះទើបសាកសពបានអណ្តែតមកទើរលើឆ្នេរត្រូវបានសមត្ថកិច្ចរកឃើញ ៕