ភ្នំពេញ៖ លោកតាមវ័យចំណាស់ម្នាក់បានឡើងបេះផ្លែស្វាយយកមកទុកហូបស្រាប់តែជាន់ចំមែកស្វាយដែលពុកផុយបណ្តាលឲ្យបាក់ធ្លាក់ទាំងមែកស្វាយ និងទាំងមនុស្សមកដី ដែលមានកម្ពស់ប្រមាណ៥ម៉ែត្របណ្តាលឲ្យស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦០៤ តាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកតារងគ្រោះខាងលើ មានអាយុ៨៦ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។ លោកតាមានកូនប្រុសម្នាក់ និងកូនស្រី២ ក្នុងនោះកូនប្រុស និងកូនស្រី២នាក់ បានទៅរស់នៅក្រៅប្រទេស ចំណែក កូនស្រីម្នាក់ទៀតរស់នៅជាមួយប្តីរបស់នាងនៅឯខេត្តសៀមរាប ។ ដោយឡែកលោកតារងគ្រោះខាងលើ រស់នៅជាមួយប្អូនប្រុសបង្កើតម្នាក់ទៀតអាយុ៨៣ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញលោកតារងគ្រោះខាងលើឡើងដើមស្វាយ ដើម្បីបេះផ្លែស្វាយជាច្រើននៅលើដើម ក្នុងផ្ទះរបស់គាត់ ដោយមានកាន់ថង់ខ្មៅមួយចាំច្រកផ្លែស្វាយដែលបេះបាន ។ លុះពេលឡើងដល់កម្ពស់ប្រមាណ៥ម៉ែត្រ ស្រាប់តែលោកតារងគ្រោះជាន់ចំមែកស្វាយមួយ ដែលពុកផុយ បណ្តាលអោយបាក់ទាំងមែកស្វាយ និងធ្លា.ក់លោកតាចុះមកចំនឹងរបងបន្លា ហើយធ្លា.ក់បន្តមកដល់ដី បោ.កក្បាលនឹងថ្នល់បេតុង បណ្តាលឱ្យបែកក្បាលហូរឈាមលើដងផ្លូវ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែជាអកុសលលោកតាបានស្លាប់បាត់បង់ជីវិតនៅពេល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយសារស្ថានភាពរបួសក្បាលធ្ងន់ធ្ងរ និងហូរឈាមច្រើនពេក ។
ភ្លាមៗនោះកម្លាំងនគរបាលបានចុះមកអន្តរាគមន៍ និងពិនិត្យទីតាំងកើតហេតុ ដោយសពលោកតារងគ្រោះត្រូវក្រុមគ្រូពេទ្យចុះទៅធ្វើសំណាកដល់មន្ទីរពេទ្យ មុនពេលអនុញ្ញាតឲ្យដឹកត្រឡប់ទៅកាន់ផ្ទះវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យវិច្ច័យម្តងទៀត មុនពេលសម្រេចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕