ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ ពេលនេះកំពុងជួបទុក្ខផ្ទួនៗគ្នា ដោយឪពុករបស់ខ្លួនកំពុងមានជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាលអស់រយៈពេលជាង៣ ឆ្នាំមកហើយស្រាប់តែពេលនេះម្តាយរបស់លោកដែលរស់នៅប្រទេសបារាំងបានចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ដោយសារតែមានស្ថានភាពចុកមួយចំហៀងខ្លួន រហូតដល់ថ្នាក់មិនអាចកម្រើកដៃជើងម្ខាងបាន ។
បើតាមតារាចម្រៀងរូបនេះបានឲ្យដឹងនៅថ្ងៃនេះថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ម្ដាយរបស់លោក នៅសុខៗស្រាប់តែមានអាការៈចុកមួយចំហៀងខ្លួន ហើយដៃជើងទៅជាកម្រើកលែងកើត ទាញភ្នែកទាញមាត់ រហូតដល់ដើរក៏លែងរួច ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីយកគាត់ទៅកាន់មន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ គឺផ្នែកមួយចំហៀងខ្លួនខាងឆ្វេង កម្រើកលែងរួចទាំងដៃនិងជើង និងទាញផ្ទៃមុខម្ខាង ។ ម្ដាយរបស់លោកត្រូវបានបញ្ចូនចូលទៅក្នុងបន្ទប់ថតមើល តាមរយៈម៉ាស៊ីនធំអឹមរ៉ាយ ហើយរកឃើញថា មានជំងឺម្យ៉ាងស្រដៀងនឹងជំងឺស្ទះសរសៃឈាម ដែលធ្វើឲ្យឈាមមិនអាចរត់ទៅកាន់សព្វសារពាង្គកាយបានឡើយ ។
លោកករុណា ពេជ្រ បានបញ្ជាក់ថា តាមស្ថានភាពជំងឺម្តាយរបស់លោក គ្រូពេទ្យតម្រូវឲ្យសម្រាកព្យាបាលរយៈពេល២សប្ដាហ៍ ទៅមួយខែ ដើម្បីតាមដានស្ថានភាពជំងឺរាល់ថ្ងៃបន្ថែមទៀត ហើយនៅល្ងាចថ្ងៃទី០៣ ខែសីហា នេះ ទើបក្រុមគ្រូពេទ្យប្រាប់ពីស្ថានភាពជំងឺបន្ថែមទៀត ហើយលោកក៏កំពុងទន្ទឹងរង់ចាំមើលពីលទ្ធផលដូចគ្នា។ បើទោះបីយ៉ាងណាក្តីលោកកំពុងតែត្រៀមរៀបចំឯកសារ និងស្នើសុំវិសារពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីបានទៅមើលម្ដាយរបស់លោកផ្ទាល់ នៅឯប្រទេសបារាំង ៕