បាងកក៖ ករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗនៅក្នុងប្រទេសថៃបានកើនឡើងរហូតដល់ចំនួន ១៨,៩០១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមក្រសួងសុខាភិបាលថៃដែលបានប្រកាសនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើនេះដដែលនេះបានឲ្យដឹងបន្តថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,១៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧៤៣ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថា ស្លាប់នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា ។
សូមជម្រាបថា នៅទូទាំងប្រទេសថៃមានចំនួនអត្រាឆ្លងសរុបនៃជំងឺកូវីដ-១៩ បើគិតរហូតដល់ពេល នេះបានកើនឡើងដល់៦៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៣១៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៣៧,៨៣១នាក់ ។ ការកើនឡើងខ្លាំងនៃជំងឺនេះធ្វើឲ្យអាជ្ញាធរព្រួយបារម្ភជាខ្លាំង ពិសេស នឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងចរាចរណ៍យ៉ាងសកម្មក្នុងទីក្រុងបាងកក និងខេត្តជុំវិញនោះ ៕