ភ្នំពេញ៖ សិល្បករជាច្រើនបានចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយបំផុតបបន្ទាប់ពីបាន ទទួលបានដំណឹងមរណភាពរបស់តារាជើងចាស់ ដ៏មានទេពកោសល្យ គឺព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ដែលជាផលិតករភាពយន្ត និងជាអ្នកដឹកនាំចម្រៀងខារ៉ាអូខេ ដ៏ជំនាញមួយរូបរបស់កម្ពុជា បានទទួលមរណៈភាពកាលពីម៉ោង២០និង១៥ នាទីនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៨២ ឆ្នាំដោយរោគពាធ ។
សពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ត្រូវបានធ្វើតេសកូវីដ-១៩គឺទទួលលទ្ធផលអវិជ្ជមាន និងមានការបញ្ជាក់ពីសង្កាត់ថែមទៀតផង ។ បច្ចុប្បន្ននេះកូនចៅ និងសាច់ញាតិកំពុងតម្តល់ធ្វើបុណ្យទក្ខិណានុប្ប ទាន ដើម្បីឧទ្ទិស្សកុសលផលបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ៩៣B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺជាផលិតករដ៏មានទេពកោសល្យមួយរូប ក្នុងវិស័យភាពយន្តខ្មែរតាំងពីទសវត្ស៨០ ដោយរូបលោកធ្លាប់ចូលរួមផលិតខ្សែភាពយន្ត ស្នាព្រះហស្ថសម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ជាច្រើនរឿងផងដែរ ក្រោយមកលោកបានចូលបម្រើការងារនៅផលិតកម្មហង្សមាស ផ្នែកដឹកនាំរឿងខារ៉ាអូខេ រហូតមកដល់បច្ចុប្បន្ន ៕