ភ្នំពេញ៖ ប្ដីកំពុងតែរួមរស់ស្វែងរកឋានសួគ៌ជាមួយស្រីថ្មីនៅក្នុងបន្ទប់ជួល ស្រាប់តែប្រពន្ធតាមទាន់ឃើញស្តែងៗនឹងភ្នែកទាញសោចាក់ជាប់ប្ដឹងសមត្ថកិច្ចឲ្យចុះទៅឃាត់ខ្លួនដើម្បីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលបាលចោមចៅ៣ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រី្តជាប្រពន្ធមានឈ្មោះ ព្រឿន ភាស់ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកបុរសជាប្ដីមានឈ្មោះ អ៊ុយ សុខ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយស្រីថ្មី នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ រីឯស្ត្រីដែលជាស្រីថ្មីវិញមានឈ្មោះ តេង ម៉ាលីន អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្រី្តជាប្រពន្ធបានអះអាងថា រូបគាត់និងប្តីបានកូនម្នាក់ជាចំណងដៃ បច្ចុប្បន្នកូនបានទុកឲ្យម្តាយជាអ្នកមើលថែនៅស្រុកកំណើត ដោយសារតែជីវភាពទាំង២នាក់ប្តីប្រពន្ធបានមកធ្វើការនៅភ្នំពេញ ដោយបុរសជាប្តីធ្វើការសំណង់ រីឯរូបគាត់ជាប្រពន្ធធ្វើការរោងចក្រ ។ កន្លងមក ជាងបួនខែមកហើយ មិនដែលឃើញប្ដីមកផ្ទះសោះបង្កឲ្យមានការសង្ស័យ និងបន្ទាប់ពីចេញពីធ្វើការរោងចក្រនៅវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ រូបក៏បានទៅតាមដានប្តី ស្រាប់តែប្រទះឃើញប្ដីកំពុងតែសំងំរួមរស់ជាស្រីថ្មីនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យនេះតែម្តង ។ ឃើញបែបនេះ រូបគាត់ជាប្រពន្ធក៏បានបិទទ្វារ រួចចាក់សោពីខាងក្រៅបន្ទប់ បន្ទាប់មកក៏បានទាក់ទងទៅប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនប្ដី និងស្រីថ្មី យកមកសួរនាំទាំងអស់គ្នានៅប៉ុស្តិ៍នគរបាលបាលចោមចៅ៣តែម្តងទៅ ។
ភ្លាមៗនោះបន្ទាប់ពីមានការអន្តរាគមន៍ពីសមត្ថកិច្ច ខាងប្រពន្ធដើមបដិសេធលែងទទួលស្គាល់បុរសខាងលើជាប្តីទៀតហើយ និងសុខចិត្តលះបង់ប្ដីដោយប្រគល់ប្តីទៅឲ្យស្រីថ្មីផ្ដាច់មុខ ចំណែកខាងសមត្ថកិច្ចក៏បានធ្វើលិខិតព្រមព្រៀងដឹងឮ ដើម្បីបញ្ចប់នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដោយមិនមានការប្ដឹងប្តល់គ្នានោះឡើយ ៕