អាល្លឺម៉ង៖ សន្ធឹកផ្ទុះយ៉ាងខ្លាំងបង្កជាអណ្តាតភ្លើងឆេះរោងចក្រគីមីនៅសួនឧស្សាហកម្មគីមីមួយកន្លែង បង្កឲ្យមានការផ្ញាក់ផ្អើលឆោឡោដោយសារផ្សែងពុលជះសាយភាយពេញតំបន់នៅភាគខាងលេចក្រុង Leverkusen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
បើតាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រគីមីដែលឆាបឆេះផ្សែងខ្មួលខ្មាញ់យ៉ាងសន្ធោសន្ធៅខាងលើនេះស្ថិតនៅក្នុងសួនឧស្សាហកម្ម Chempark ដែលនៅក្នុងសួនឧស្សាហកម្មនេះមានរោងចក្រមួយចំនួន រួមមានក្រុមហ៊ុន Bayer និង ក្រុមហ៊ុន Lanxess ជាដើម ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីភ្លាមៗបន្ទាប់ពីហេតុការណ៍នេះកើតឡើង អាជ្ញាធរនៅមិនទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ ។
ពាក់ព័ន្ធនឹងករណីនេះអាជ្ញាធរបានចាត់ទុកជាហេតុការណ៍ដ៏អាក្រក់ និងជាហានិភ័យខ្លាំងចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរបានប្រកាសអាសន្ន និងត្រូវបង្ខំចិត្តឲ្យប្រជាពលរដ្ឋបិទទ្វា និងបង្អួចផ្ទះរបស់ខ្លួនឲ្យជិតដើម្បីកុំឲ្យសាយភាយផ្សែងពុលចូល ។ ក្រៅពីនេះផ្លូវនៅក្នុងតំបន់នេះមួយចំនួនក៏ត្រូវប្រកាសជាបណ្តោះអាសន្នផងដែរ ៕