ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់វិធានការមួយចំនួនដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត លើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) ។ នេះបើយោងតាមសសេចក្តីប្រកាសព័ត៌ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្តីពីចំណាត់ការលើការអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់វិធានការសំខាន់ចំនួន៤រួមមាន៖
១. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។
២. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។
៣. ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។
៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ទន្ទឹមនឹងនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស ៕