ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក. អនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានដឹកនាំក្រុមការងារទៅធ្វើទស្សនៈកិច្ចសិក្សា នៅរោងចក្រ SKD ដែលជារោងចក្រក្នុងស្រុកដ៏ធំផ្គត់ផ្គង់អាកុលទូទាំងប្រទេស ដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
អាល់កុលជាប្រភេទទឹកលាងដៃមួយប្រភេទក្នុងចំណោមឧបករណ៍ សម្ភារៈបរិក្ខាពេទ្យ និងទឹកថ្នាំដើម្បីសម្លាប់ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ខណៈដែលជំងឺនេះនៅតែកំពុងបន្តរីករាល ដាល់ក្នុងប្រទេសកម្ពុជា នៅឡើយដែលបញ្ហានេះជាក្តីបារម្ភធំមួយរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែល មានតួនាទីធានាដល់សុខុមាលភាព និងសន្តិសុខសុវត្ថិភាពសង្គម ។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែកក្កដានេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២៥នាក់ ខណៈអ្នកជំងឺ ៨៧៩នាក់ជាសះស្បើយ ។ គិតត្រឹមព្រឹកថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣,៤៧៤នាក់ និងស្លាប់សរុបចំនួន ១២២២នាក់ ៕