ភ្នំពេញ៖ ពិតជាគួរឲ្យកោតសរសើរណាស់ដែលលោកយាយមា្នក់អាយុ ៩៣ឆ្នាំទៅហើយ ប៉ុន្តែមានទឹក ទឹកចិត្តក្លាហានហ៊ានប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩រហូតបានទទួលជោគជ័យយកឈ្នះជំងឺនេះបាន និងបានជម្រាបលាលោកគ្រូពេទ្យត្រឡប់ទៅផ្ទះវិញទាំងចិត្តរំភើបរីកបំផុត ។ នេះបើយោងតាមរយៈ វីដេអូឃ្លីបមួយក្នុងបណ្តាញសង្គមដែលគណនីឈ្មោះឈ្មោះ Dalik កាលពីថ្ងៃទី ២២ កក្កដា ម្សិលមិញនេះ ។
លោកយាយ ៩៣ឆ្នាំ ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមអ្នកជំងឺទាំងអស់ដែលកំពុងព្យបាលខ្លួននៅក្នុងមណ្ឌលព្យាបាលទួលពង្រ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ បន្ទាប់ពីលោកយាយបានជាសះស្បើយពីជំងឺកូវីដ១៩។ នេះជាការគួរឲ្យសរសើរនិងលើកទឹកចិត្តមួយដែលលោកយាយអាចយកឈ្នះជំងឺដ៏កាចសាហាវមួយនេះដោយមានការរួមចំណែកពីក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលលោកយាយ ទើបអាចឆ្លងផុតពីជំងឺ និងស្ថានការណ៍ដ៏សែនអាក្រក់មួយនេះ ។
សូមជម្រាបថា ជំងឺកូវីដ១៩ សាហាវ ផ្តាច់យកជីវិតមនុស្សគ្មានត្រាប្រណី មិនថាចាស់ក្មេង ប្រុសឬស្រីនោះឡើយ ប៉ុន្តែបើយើងការពារបាននោះវាក៏គ្មានថ្ងៃឆ្លងចូលមកក្នុងខ្លួនរបស់យើងដែរ ។ ទោះបីយ៉ាងណាក្តីបើអកុសលជំងឺនេះឆ្លងចូលខ្លួនហើយសូមកុំបាក់ទឹកចិត្តត្រូវបន្តថែរក្សាសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យដោយមានលោកយាយជាគំរូមួយដែលគាត់អាចធ្វើបាន ៕