ថៃ៖ បើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យក្រុមមន្រ្តីរបស់លោក បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាអំពីការប្រើប្រាស់ដើមប្រម៉ាត់មនុស្ស ដើម្បីធ្វើជាថ្នាំព្យាបាលជំងឺ កូវីដ១៩ ដែលអ្នកជំងឺមានរោគសញ្ញាស្រាល ។
លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងប្រកាសដូចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ទី២០ ខែកក្កដាឆ្នាំ២០២១ ដើម្បីពិភាក្សាអំពីវិធានការណ៍បន្ថែម ក្នុងការជួយទប់ស្កាត់ការផ្ទុះឡើងនៃ វីរុសកូវីដ១៩ មានជាង១ម៉ឺនករណីរៀងរាលថ្ងៃ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រីថៃបានតែតាំងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul ជាប្រធានគណៈកម្មាធិការសិក្សាអំពីការប្រើប្រាស់ដើមប្រម៉ាត់មនុស្សនេះ ។ គណៈកម្មការមួយនេះ នឹងសិក្សាលើសុវត្ថិភាពនិងប្រសិទ្ធភាពនៃថ្នាំប្រម៉ាត់មនុស្សលើអ្នកជំងឺ កូវីដ១៩ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់ឱសថបុរាណរបស់ថៃឱ្យមានមុខមាត់លើឆាកអន្តរជាតិ ។
បើតាមក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួន ១៣,៦៥៥ករណីបន្ថែម និងមានអ្នកស្លាប់ចំនួន៨៧នាក់ក្នុងរយៈពេល២៤ម៉ោងតែប៉ុណ្ណោះ ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៥៣,១៣២ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦៩៧នាក់ និងអ្នកជាសះស្បើយ ៣១២,៣៧៧នាក់ ៕