បាងកក៖ ស្ថានភាពនៃអត្រាឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃកាន់តែហក់ឡើងខ្ពស់លុកលុយ ប្រទេសនេះជាខ្លាំងរហូតដល់ពេលនេះអាជ្ញាធរកំពុងតែព្រួយបារម្ភខ្លាំងអំពីវិបត្តិនេះ ស្របពេលដែល គ្រែ និងមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩ក៏មានការខ្វះខាតខ្លាំងរហូតត្រូវយកចំណតរថយន្តធ្វើជា កន្លែងព្យាបាលអ្នកជំងឺ ។
ថ្មីៗនេះប្រជាពលរដ្ឋថៃជាច្រើនសម្តែងការរំជួលចិត្តជាខ្លាំងបន្ទាប់ពីបានរូបភាពជាច្រើនសន្លឹករបស់អ្នកជំងឺកូវីដ-១៩ដែលកំពុងសម្រាកព្យាបាលនៅឯចំណតរថយន្ដក្បែរធុងសំរាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក បានបង្កឲ្យមានភាពរំជើបរំជួលចិត្តជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម នៅក្នុងប្រទេសថៃ ខណៈមន្ទីរពេទ្យកាន់តែច្រើនខ្វះខាតគ្រែ ប្រឈមមុខនឹងការកើនឡើង ករណីឆ្លងប្រចាំថ្ងៃយ៉ាងគំហុក ។
រូបភាពស្ថានភាពនៃអ្នកជំងឺកូវីដ-១៩ទាំងនោះត្រូវបានគេថតចេញពីចំណតរថយន្ដនៃមន្ទីរពេទ្យ PMG Hospital ក្នុងទីក្រុងបាងកក យកមកផុសនៅក្នុងបណ្តាញសង្គហ្វេសប៊ុក(Facebook) ។ បើតាមរូបភាពទាំងនេះ គេឃើញអ្នកជំងឺ COVID-19 ជាច្រើនបានក្រាលតង់កៅស៊ូសម្រាប់គេង ខណៈអ្នកខ្លះទៀតគេង និងអង្គុយក្បែរ ធុងសំរាម។ ទាក់ទងនឹងបញ្ហានេះសន្តិសុខមន្ទីរពេទ្យម្នាក់បានអះអាងថា អ្នកជំងឺ COVID-19 មួយចំនួនត្រូវបង្ខំចិត្តសម្រាកនៅឯចំណតរថយន្ដ ដោយសារតែខាងមន្ទីរពេទ្យខ្វះខាតគ្រែ និងរថយន្ដសង្គោះបន្ទាន់ ។
សូមជម្រាបថា នៅថ្ងៃទី១៦ កក្កដាម្សិលម៉ិញនេះថៃបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ៩,៦៩២នាក់ និងស្លាប់ ៦៧នាក់ ហើយនៅក្នុងចំណោមអ្នកឆ្លង និងស្លាប់ថ្មីទាំងនេះមានអ្នកឆ្លង ២,១៩៥នាក់ និងស្លាប់ ៣៣នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងបាងកក។ ក្រៅពីអ្នកជំងឺច្រើនកកកុញ មនុស្សជាច្រើនផ្សេងទៀតនាំគ្នាសម្រុកទៅធ្វើតេស្តរកកូវីដ-១៩ដែលនាំឲ្យកន្លែងធ្វើតេស្តកកកុញយ៉ាងខ្លាំង និងខ្លះត្រូវបង្ខំចិត្តគេងរង់ចាំ នៅខាងក្រៅអគារធ្វើតេស្តតែម្តងទាំងយប់ទាំងថ្ងៃ និងនៅរងចាំទាំងពេលមានភ្លៀងធ្លាក់ជោកជាំថែមទៀតផង ៕