កោះកុង៖ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសហការជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដជួយសម្រាលកូនឱ្យស្ត្រីវិជ្ជមានកូវីដ១៩ ចំនួន០២ករណីទៀត បានដោយជោគជ័យនៅរាត្រីថ្ងៃសុក្ររំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៧ ខែកក្កដានេះ វេលាទាបភ្លឺចន្លោះពីម៉ោង០៣:០០នាទីដល់ម៉ោង០៥:០០នាទី ដែលនេះជាករណីទី៩ និងទី១០ហើយ ដែលមានករណីស្ត្រីវិជ្ជមានកូវីដ១៩ ត្រូវបានសម្រាលកូននៅក្នុងមន្ទីរពេទ្យនេះ ។
បើតាមផេកហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តកោះកុងបានឲ្យដឹងថា ទោះជាបច្ចុប្បន្នថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងកំពុងមមាញឹកក្នុងបេសកកម្មក្នុងការបង្ការទប់ស្កាត់ និងថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ជាច្រើននាក់ និងមានមន្ត្រីសុខាភិបាលយើងមួយចំនួនបានឆ្លងជំងឺនេះក៏ក្រុមគ្រូពេទ្យយើងនៅតែប្តេជ្ញាខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចទាំងនេះទាំងសេវាសម្រាល ទាំងការថែទាំ ព្យាបាល និងសេវាវះកាត់ ទាំងអ្នកជំងឺកូវីដ និងអ្នកជំងឺទូទៅផ្សេងៗ ឱ្យអស់លទ្ធភាព និងបន្តបេសកកម្មនេះបន្តទៅទៀត ។
ទន្ទឹមនឹងនេះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តកោះកុងបានអំពាវនាងថា បើស្រលាញ់អាណិត គ្រួសារ ជាពិសេសចាស់ជរា ក្មេងតូចៗ និងទារកនៅផ្ទះដែលគ្នាមិនដឹងអីសោះនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការសុខាភិបាល ជាពិសេស ៣ការពារ និង៣កុំ កាត់បន្ថយការជួបជុំគ្នាសិន ៕