ភ្នំពេញ៖ អតីតអ្នកប្រដាល់ អធិរាជកែងឆេះជង្គង់ហោះ អេ ភូថង មានជំងឺប្រចាំកាយក្នុងនោះមានជំងឺលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករ អ្នកគាំទ្រមួយចំនួនកាល ពីពេលកន្លងមកក៏បានដឹងហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនស្រឡាំងកាំងនិងភ្ញាក់ផ្អើលនោះនៅពេល ទទួលដំណឹងថាលោកបានឆ្លងជំងឺកូវីដ-១៩ និងកំពុងសម្រាកព្យាលនៅឡើយ ។
បើតាមលោកស្រី សាំង សុម៉ាលី ភារិយារបស់អតីតអ្នកប្រដាល់ អធិរាជកែងឆេះជង្គង់ហោះ អេ ភូថង បានជម្រាបឲ្យដឹងថា ស្តេច ប្រដាល់រូបនេះបានចូលព្យាបាលជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ ស្របពេលដែលជំងឺចាស់រើឡើងផង ពេលមានអាការធ្វើទុក ហើយក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យ ក៏ពិនិត្យឃើញថា ពិតជាមានជាតិអាស៊ីតឡើងខ្លាំង ខ្លាញ់រុំបេះដូងខ្លាំង និងសម្ពាធសរសៃឈាមបេះដូងថែមទៀត ព្រោះលោកធាត់ខ្លាំង ។ បន្ទាប់មក ក្រុមគ្រូពេទ្យបានធ្វើតេស្ដសំណាក ដើម្បីរៀបចំឲ្យលោកសម្រាកព្យាបាលជំងឺ បែរជាទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ ទៅវិញ ទើបសម្រេចបញ្ជូនលោកយកទៅព្យាបាលនៅស្ដាតអូឡាំពិកតែម្ដង ។ ដោយឡែកលោកស្រី និង កូនៗ គឺធ្វើតេស្តច្រើនដង គឺអវិជ្ជមាន រហូត ។
លោកស្រីជម្រាបបន្តថា នៅពេលសម្រាកព្យាបាលថ្ងៃទី១ នៅមជ្ឈមណ្ឌលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកលោក អេ ភូថង មានអាការរៀងធ្ងន់បន្ដិចដែរ ព្រោះជំងឺប្រចាំការ តែដោយមានការយកចិត្តទុកដាក់មើលថែ និងព្យាបាលពីសំណាក់ក្រុមគ្រួពេទ្យជួរមុខ នៅថ្ងៃបន្ដបន្ទាប់ រហូតដល់ថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ អាការរបស់គាត់គឺបានធូរស្រាលច្រើនហើយ ។ ម្យ៉ាងវិញទៀត លោក អេ ភូថង និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយដែរ ។
អ្នកស្រីអះអាងថា ស្តេចប្រដាល់រូបនេះមួយរយៈចុងក្រោយនេះមិនបានប្រាស្រ័យទាក់ទាងជាមួយសិស្សគុន ឬកូនៗនោះទេ លើកលែងតែភរិយារបស់លោក ប៉ុន្ដែអ្នកស្រី សាំង សុម៉ាលី បានធ្វើតេស្ដជាច្រើនលើក សុទ្ធតែទទួលបានលទ្ធផល អវិជ្ជមាន ពុំបានឆ្លងពីស្វាមីអ្នកស្រីនោះទេ ៕