ភ្នំពេញ៖ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានបញ្ជូនខ្លួនក្រុមអ្នកក្លែងបន្លំជាព្រះសង្ឃបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូលនោះ ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី១៥ កក្កដា ២០២១ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះរួមមានឈ្មោះ ឈុន ថាត ,ខ្លូត សុខា , ន ឆូយ ,ឈួន សាវរី ,ផេង ភី ,ច្រាន់ ប៉ាវ ,ជន មី ,ម៉ៅ រីន ,យាន រត់ ,ហ៊ុន ព្រឿន , រស់ ហឿន , ស្មៀន កក្កដា , ញិន គឹម , ឈុន ថាត , រស់ ហឿន និង២នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ដែលក្នុងនោះមានម្នាក់ ជាអ្នកបើកបររថយន្តជូនជនក្លែងខ្លួនជាព្រះសង្ឃទាំងនេះចេញដើរបិណ្ឌបាត្រ មិនតែប៉ុណ្ណោះក្រោយឃាត់ខ្លួនពិនិត្យទឹកនោមបានរកឃើញ៧នាក់មានផ្ទុកសារធាតុញៀនថែមទៀតផង ។
បើតាមសារភាពរបស់ជនសង្ស័យទាំងនេះនៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ពួកខ្លួនបានក្លែងខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របែបនេះ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនជាយូរមកហើយ ដោយមានមេខ្យល់ម្នាក់ឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជាមេខ្លោងចាត់រៀបចំចាត់ផែនការតាមមុខព្រួញនីមួយៗឲ្យ ដោយក្នុង០១ថ្ងៃ ពួកខ្លួនបិណ្ឌបាត្របានចំណីអាហារបាយទឹក និងប្រាក់ក្នុងម្នាក់ចាប់ពី៨ម៉ឺន ទៅ១០ម៉ឺនរៀលលុះបានហើយមេខ្យល់ឈ្មោះ ម៉េង បានដកយកក្នុងម្នាក់ៗចាប់ពីពី៣ម៉ឺនរៀលទៅ៣៥,០០០រៀលក្នុង០១ថ្ងៃ ចំណែកឯប្រាក់ដែលនៅសល់ពីនេះ គឺពួកខ្លួនទុកសម្រាប់ចាយវាយខ្លួនឯង ៕