កំពង់ស្ពឺ៖ បុរសម្នាក់បានយកភ្លើងដុតផ្ទះចោល បង្កជាអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង និងសម្ភារ:ប្រើប្រាស់អស់ស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើលកាលពីវេលាប្រហែរម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើតាមប្រជាពលរដ្ឋនៅក្នុងភូមិខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានឮសម្លេងឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះដោយមិនដឹងមកពីរឿងអ្វីនោះទេ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែគេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះមកខាងក្រៅទើបបានបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍និងបានបាញ់ទឹកពន្លត់ទាន់ពេលវេលាដោយមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ។
ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន កក្កដា ហៅង៉ែតភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួនដើម្បីយកទៅសួរនាំនឹងដើម្បីអនុវត្តបន្តតាមនីតិវិធី ៕