បាត់ដំបង៖ ក្រុមក្មេងៗកុមារា-កុមារីដែលមានគ្នាមួយក្រុមប្រមាណ១៦នាក់បាននាំគ្នាដើររើសសំរាម សម្អាតបរិស្ថាននៅតាមដងផ្លូវ និងនៅតាមទីសាធារណៈនានា ដែលធ្វើសកម្មភាពចេញពីបេះដូងពិតៗ ដោយក្នុងនោះកាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមក្មេងៗស្រលាញ់ បរិស្ថានទាំងនេះបាន ដើររើសសំរាមក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សកម្មភាពក្មេងៗដែលស្រលាញ់បរិស្ថានទាំងនេះ ត្រូវផ្តិតយកសកម្មភាពដោយម្ចាស់គណនីហ្វេសប៊ុក មួយឈ្មោះ Trash Hero Sophy II ដោយបានបង្ហោះសារអមថា « វីរៈបុរសសំរាមសូមស្វាគមន៍ នៅសប្តាហ៍ថ្ងៃអាទិត្យទី១១ខែកក្កដានេះ ក្រុមវីរៈបុរសសំរាមរបស់យើងបានជួបជុំគ្នានៅមុខសាលាប៊ីហាយ៍នៅម៉ោង៨ និង២០នាទីព្រឹក ហើយចាប់ផ្តើមសម្អាតសំរាមតាមដងផ្លូវក្នុងភូមិសូភី២ នៅម៉ោង៨និង៣០នាទី ក្នុងនោះយើងមានអ្នកចូលរួមចំនួន១៦នាក់ ហើយពួកយើងបានបែងចែកចេញជាពីរ ដោយមួយក្រុមៗមានចំនួន៨នាក់ ។ ក្រោយពីបានសម្អាតសំរាមរួចរាល់ហើយ ពួកយើងបានប្រមូលបានសំរាមសរុបចំនួន២៥ គីឡូក្រាម ហើយនឹងមានចំនួន១៦ម៉ាស់ផងដែរ ។ សូមចូលរួមសម្អាតសំរាម និងថែរក្សាម៉ាស់របស់លោកអ្នកឲ្យបានត្រឹមត្រូវដើម្បីឲ្យសហគមន៍ ភូមិ សង្កាត់ របស់យើងគ្មានសំរាម និងជៀសផុតពីជម្ងឺកូវីតទាំងអស់គ្នា»។
បើទោះបីយ៉ាងណាក្តីសកម្មភាពដ៏ល្អរបស់ក្រុមក្មេងៗកុមារា-កុមារី នេះពិតជាបានបង្ហាញគំរូល្អមួយ ដល់មហាជនទូទៅនៅទូទាំងប្រទេស ឲ្យចេះស្រលាញ់បរិស្ថាន និងចេះចូលរួមសម្អាតបរិស្ថាន ដើម្បីកម្ពុជាមានសោភ័ណ្ឌភាពបរិស្ថានស្អាតល្អ ធម្មជាតិស្រស់បំព្រង និងដើម្បីជួយផ្តល់នូវខ្យល់ អាកាសស្អាតល្អដល់ខ្យល់ដកដង្ហើមរបស់មនុស្សផងដែរ ៕