ភ្នំពេញ៖ បុរសម្នាក់រួមនឹងមិត្តភ័ក្ដិបាននាំគ្នាផឹកស្រវឹងក៏ដកកាំភ្លើងខ្លីចេញមកអួតអាងពេញតុ ផឹកស៊ីនិងថែមទាំងអាមេបញ្ចូលគ្រាប់ធ្វើឲ្យម្ចាស់ហាងភ័យខ្លាចមានរឿងក្នុងហាងទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង នៅភោជនីយដ្ឋានយីហោ១៨ថ្មី២ ផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនបង្កមានឈ្មោះ ឡាយ សាកន មុខរបរទាហាន មានឋាន:ជានាយក្រុម១ អនុសេនាតូច ការពារអង្គភាព បញ្ជារការដ្ឋានការពារកោះឆ្នេរកងទ័ពជើងទឹក ។ បន្ទាប់ពីនាំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើបានជាងមួយម៉ោងស្រវឹងស្រាហើយនោះ ស្រាប់តែ បុរសរូបនេះបានដកកាំភ្លើងខ្លីម៉ាក K59 មកដាក់សំញ៉ែងនៅលើតុ និងអាមេបញ្ចូលគ្រាប់ ធ្វើឲ្យបុគ្គលិកនៅទីនោះមានការភ័យខ្លាចបានប្រាប់ម្ចាស់ហាង ។ ដោយឃើញសភាពមិនស្រួលដូច្នោះ អ្នកគ្រប់គ្រងនៅទីនោះខ្លាចមានរឿងរ៉ាវក្នុងហាងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
ភ្លាមៗនោះបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីខាងភោជនីយដ្ឋានខាងលើនេះកម្លាំងអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វាចុះមកឃាត់ខ្លួនជនបង្កខាងលើនេះប្រគល់ឲ្យសមត្ថកិច្ច នាំខ្លួនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី ៕