ភ្នំពេញ៖ បុរសម្នាក់ត្រូវបុរស២នាក់ផ្សេងទៀតធ្វើសកម្មភាពកាប់រហូតរងរបួសធ្ងន់ស្ទើរដាច់ជើងខាងស្តាំបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តសារ៉ាវ័ន្តតេជោ តាមបណ្តោយផ្លូវ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរនៅតាមបណ្តោយផ្លូវ១៩ ។ លុះដើរមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនបង្កចំនួន២នាក់ជិះម៉ូតូPCX ប្រដាប់ទៅដោយដាវសាំងម៉ូរ៉ៃបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតាំងពីផ្លូវ១៩រហូតទៅដល់លើផ្ទះជាន់ទី២កាប់ជាច្រើនដាវ បណ្តាលឲ្យត្រូវចំជើងខាងស្តាំរបស់ជនរងគ្រោះហូរឈាមជោកសន្លប់ស្តូកស្តឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងហៅរថយន្តសង្គ្រោះអោយមកដឹកយកជនរងគ្រោះទៅនឹងសង្គ្រោះនៅគ្លីនិកឯកជន ចំណែកឯជនបង្កវិញនាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីនេះអាចនឹងកើតឡើងដោយសារជនរងគ្រោះ និងជនបង្កមានទំនាស់គ្នា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះចុះមកដឹកយកទៅសង្គ្រោះទាន់កុំអីជនរងគ្រោះអាចនឹងត្រូវស្លាប់ដោយសារតែហូរឈាមខ្លាំង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះរង់ចាំទៅដាក់ពាក្យបណ្តឹងនៅពេលក្រោយជាបន្តទៅទៀតដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕