ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបន្ដលើកទឹកចិត្តឲ្យមានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីបញ្ជៀសការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជាសូមលើកទឹកចិត្តឱ្យ សាធារណជនទាំងអស់ ប្រើប្រាស់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀលប្រកបដោយអនាម័យខ្ពស់ ។
សូមជម្រាបថា កន្លងមកដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀបនៃការទុកដាក់ និងប្រើប្រាស់ក្រដាសប្រាក់រៀលឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យ តាមរយៈវីដេអូខ្លី និងឯកសារអប់រំផ្សេងៗ ។ ចំពោះក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ហារបេឡា របស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ ៕