កំពង់ចាម៖ មហាជនបានសម្តែងទឹកចិត្តអាណិតអាសូរពេញបណ្តាញសង្គមដល់ដូនចាស់កម្សត់មួយគូរបន្ទាប់ពីបានឃើញនូវទិដ្ឋភាពរបស់លោកយាយទាំងពីរនាំគ្នាអង្គុយលក់ម្លូស្លាទាំងប្រថុយនៅកន្លែងបិទខ្ទប់ ដែលគេថតបានយកមកបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។
រូបថតមួយសន្លឹកដែលអង្រួនដួងចិត្តមហាជននោះ គេឃើញផុសនៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Kim Sour Heng ជាមួយនឹងខ្លឹមសារថា«លោកកយាយទាំងពីរដើម្បីតែលុយយកចិញ្ចឹមក្រពះស៊ូលក់ទាំងគេបិទខ្ទប់គួរឲ្យអាណិតគាត់ណាស់» ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានបន្ថែមថាដូនចាស់ទាំងពីរនាក់នេះបានអង្គុយលក់នៅក្នុងផ្សារស្គន់ ដែលស្ថិតនៅក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ដោយស្ថានភាពនៃជំងឺកូវីដ-១៩នៅតំបន់នេះមានការឆ្លងជាបន្តបន្ទាប់ធ្វើឲ្យអាជ្ញាធរបានបិទខ្ទប់តំបន់នេះ ។ ទន្ទឹមនឹងនេះមហាជនមួយចំនួនដែលស្គាល់លោកយាយទាំងពីរបានឲ្យដឹងថា លោកយាយទាំងពីរ ម្នាក់ឈ្មោះយាយអន និងម្នាក់ទៀតយាយរ៉ិន ដែលផ្ទះរបស់គាត់ស្ថិតនៅផ្លូវចូលវត្តប្ងស្សីជ្រោយ ប្រហែល៥០០ម៉ែត ។
បើទោះបីយ៉ាងណាក្តីមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបាន ចូលសែចែកចាយ និងបានចូលខំម៉ិនសម្តែងអារម្មណ៍និងទឹកចិត្តរបស់ខ្លួនចំពោះដូនចាស់កម្សត់ទាំងពីរនេះ ។ ក្នុងនោះគេសង្កេតឃើញមានអ្នកខ្លះមានចិត្តសប្បុរសចង់បរិច្ចាគថវិកាជួយដល់ដូនចាស់ទាំងពីរនេះថែមទៀតផង ដោយសារតែការអាណិតអាសូរ ៕